ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥
ហាណូយ៖ ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើង៦,៨ភាគរយនៅឆ្នាំ២០២៥ ដោយកត់សម្គាល់ថា ទស្សនវិស័យមិនច្បាស់លាស់សម្រាប់ពាណិជ្ជកម្មសកល គឺជាហានិភ័យសម្រាប់សេដ្ឋកិច្ចដែលជំរុញដោយការនាំចេញ។
ការព្យាករ GDP របស់ធនាគារពិភពលោក គឺទាបជាងគោលដៅកំណើនផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ដែលមានយ៉ាងហោចណាស់៨,០ភាគរយនៅឆ្នាំនេះ និងកំណើន ៧,០៩ភាគរយកាលពីឆ្នាំមុន។
ធនាគារពិភពលោកបញ្ជាក់ថា កំណើនការនាំចេញត្រូវបានគេមើលឃើញថា មានកម្រិតមធ្យមមកត្រឹម១២,១ភាគរយនៅឆ្នាំនេះ ពីកំណើន១៤ភាគរយក្នុងឆ្នាំ២០២៤ នឹងថយចុះបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការរំពឹងទុកនៃការធ្លាក់ចុះនៅក្នុងប្រទេសចិន និងសហរដ្ឋអាម៉េរិក និងដោយសារតែទស្សនវិស័យពាណិជ្ជកម្មពិភពលោកមិនច្បាស់លាស់។ អតិផរណាត្រូវបានព្យាករថានឹងមាន៣,៥ភាគរយនៅឆ្នាំនេះ។
សេដ្ឋកិច្ចដែលត្រូវបានជំរុញដោយការនាំចេញរបស់វៀតណាម ប្រឈមមុខនឹងហានិភ័យពីការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិក លើដៃគូពាណិជ្ជកម្ម និងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែកើនឡើង។ លោក សាចា ដ្រេ (Sacha Dray) សេដ្ឋវិទូរបស់ធនាគារពិភពលោកបានលើកឡើងថា៖«ម្យ៉ាងវិញទៀត ការកើនឡើងនៃការវិនិយោគសាធារណៈអាចគាំទ្រដល់តម្រូវការ និងរួមចំណែកដល់កំណើន។ ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ដោយសារការបោសសំអាតគម្រោងលឿនជាងមុន អាចជំរុញតម្រូវការក្នុងស្រុកបន្ថែមទៀត»៕