សម្ដេចធិបតី៖ នៅកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។
ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញស្រោស្រង់ ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃ នាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបទុមវតី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីបានឱ្យដឹងថា កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។
សម្តេចធិបតីថ្លែងថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់៕