សម្ដេចធិបតី៖ កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបានគុណតម្លៃសាមគ្គីរវាងជាតិសាសន៍ មិនប្រកាន់និន្នាការជ្រុលនិយម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃ នៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីរួមគ្នាជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងព្រះរាជពិធីស្រោច ស្រពព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបុទុមវត្តី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានា ក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត។ ជាក់ស្ដែង កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់ យកនូវនិន្នាការជ្រុលនិយមនោះទេ។
សម្ដេចធិបតី ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ គួរឲ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា ដូចដែលលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា បានរំលេចនៅក្នុង សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធីនាពេលមុននេះ។ ជាក់ស្ដែង ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភពនៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរដែលបានបង្ហាញឲ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់ ស្មោះត្រង់ សុភាពរាបសារ ទន់ភ្លន់ និងម៉ឺងម៉ាត់ ៕