សម្តេចបវរធិបតី ផ្ដល់អនុសាសន៍ឲ្យក្រសួងធម្មការ គួរពិចារណាដាក់បញ្ចូលកម្មវិធីប្រតិបត្ដិសមាធិ ទៅក្នុងកម្មវិធីរបស់ពុទ្ធិកសិក្សាគ្រប់កម្រិត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្ដិសមាធិទៅក្នុងកម្មវិធីរបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ដ និងបញ្ញាស្មារតីក្នុងការទទួលខុសត្រូវសម្រាប់ការរស់នៅក្នុងសង្គម ។
ក្នុងឱកាសអញ្ជើញស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋ បានគោរពប្រតិបត្តិសាសនា ទៅតាមជំនឿរៀងៗខ្លួនប្រកបដោយសទ្ធាជ្រះថ្លា។
សម្ដេចបវរធិបតី បានជំរុញឱ្យក្រសួងធម្មការ សហការជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំបណ្ដុះបណ្ដាលតួនាទីភារកិច្ចដល់មន្ដ្រីសង្ឃ អាចារ្យគណៈកម្មការវត្ត ឲ្យបានទូលំទូលាយ ដើម្បីពង្រឹងសមត្ថភាព បង្កើនការយល់ដឹងអំពីតួនាទីភារកិច្ច។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា មានទំនាក់ទំនងល្អ ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា។ ទន្ទឹមនឹងនេះ មន្ទីរធម្មការ និងសាសនាខេត្តក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់វិស័យសាសនារបស់រដ្ឋ។
សម្ដេចបវរធិបតី បានណែនាំឱ្យក្រសួងធម្មការ បង្កើនការផលិតវីដេអូអប់រំខ្លី ស្ដីពីការអប់រំសីលធម៌ ចរិយាធម៌ និងពិធីធ្វើបុណ្យតាមប្រពៃណីតាមព្រះពុទ្ធសាសនាផងដែរ។ ក្នុងឱកាសនោះ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន យ៉ាងខ្លាំងនៃវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ៕