អភិបាលខេត្តព្រះវិហារ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧៨៥បណ្ណ ស្មើនឹង៥០៤គ្រួសារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន៧៨៥បណ្ណ ស្មើនឹង៥០៤គ្រួសារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្នាន មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្នការវិវត្តទីផ្សារអចលនទ្រព្យជាសញ្ញាវិជ្ជមានមួយ នៃសេដ្ឋកិច្ច ជាតិ ដោយប្រជាជនមួយចំនួនទាំងនៅទីប្រជុំជន ទាំងនៅទីជនបទ បានទទួលផលពីការលក់ដូរដីធ្លីខ្លះរបស់ខ្លួននៅឱកាសដែលថ្លៃដីកើនឡើង និងបានកែលម្អជីវភាពគ្រួសារបានមួយកម្រិត។ ជាមួយគ្នានេះ ក៏មានលេចចេញសកម្មភាពអវិជ្ជមាន នៃវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ប្រជាពលរដ្ឋនិងវិស័យឯកជន ឬក្រុមហ៊ុនវិនិយោគ ចលនាទន្ទ្រានកាន់កាប់ដីព្រៃ ដីទំនេរមិនទាន់ប្រើប្រាស់ដី ដីស្ថិតក្នុងតំបន់បេតិកភណ្ឌ ដីបម្រុងសម្រាប់ប្រយោជន៍សាធារណៈ ដីសហគមន៍ និងដីក្នុងតំបន់ការពារអភិរក្សធនធានធម្មជាតិ ជាដើម ដែលបង្កឡើងដោយពួកជនឱកាសនិយម និងអ្នកមានឥទ្ធិពលមួយចំនួន និងការគ្រប់គ្រងដីធ្លីមិនទាន់មានប្រសិទ្ធភាព ពេញលេញ ច្បាស់លាស់ស្របតាមច្បាប់នៅឡើយ ៕