ឯកឧត្តម ខូយ រីដា គាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធនាការនានាដែលដាក់ចេញដោយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយមន្ត្រីនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តនិងការគាំទ្រយ៉ាងពេញទំហឹងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធនាការដែលដាក់ចេញដោយក្រសួងបរិស្ថាន រួមមាន៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក» ដើម្បីលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្ត បានបង្ហាញជំហរចូលរួមគាំទ្រនិងសហការយ៉ាងពេញទំហឹងជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងនោះ រដ្ឋបាលខេត្តបានដាក់ចេញជាអាទិភាព ដោយជំរុញ និងសហការជាមួយអាជ្ញាក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមគ្នាយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” “កម្ពុជាស្អាតខ្មែរធ្វើបាន” និង “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” នៅតាមមូលដ្ឋាន សាលារៀន នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ដោយអនុវត្តជាប្រចាំ។
ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកការគ្មានសំរាមនៅតាមផ្ទះ និងតាមភូមិឋាន មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតនោះទេ តែក៏ជាការនាំមកនូវសិរីសួស្តីសម្រាប់គ្រួសារ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។
គួររម្លឹកឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ខូយ រីដា បានចាត់ទុកភាពគ្មានសំរាមនៅលើទឹកដីខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ក្នុងការលើកកម្ពស់សោភណភាព និងអនាម័យសម្រាប់ការរស់នៅ។ ដើម្បីឱ្យទឹកដីខេត្តពោធិ៍សាត់ គ្មានសំរាម និងស្រស់ស្អាត ឯកឧត្តម ខូយ រីដា បានដាក់ចេញបទបញ្ជាក្តៅ «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាមអត់មេឃុំ មានមេឃុំ អត់សំរាម»។
ដើម្បីលើកកម្ពស់ភាពស្រស់ស្អាតនៅតាមភូមិឋាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើនដូចជា «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ជាដើម។ តាមរយៈយុទ្ធនាការនេះ បានបង្កើតឡើងនូវចលនាអប់រំផ្សព្វផ្សាយលើការទុកដាក់សំរាមនៅតាមសាលារៀន ការដើររើសសំរាមនៅតាមភូមិឋាន និងសាលារៀន។ បន្ថែមពីលើនោះ ក៏មានការសំអាតតាមថ្នល់ជាតិផងដែរ។ ក្រោយឃើញការប្រកាសរបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់លោកអភិបាលខេត្តពោធិ៍សាត់ ក្នុងការសំអាតសំរាមនៅក្នុងខេត្ត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុកបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ គឺជាការប្តេជ្ញាចិត្តខ្ពស់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សោភ័ណភាព និងអនាម័យ។
ឯកឧត្តមបណ្ឌិត សង្ឃឹមថា អាជ្ញាធរនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹងធ្វើយុទ្ធនាការព្រមៗគ្នា ជាមួយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកម្ពុជាស្រស់ស្អាត និងគ្មានសំរាម។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការ«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញសកម្មភាព «ការសម្អាតដងផ្លូវជាតិអនុវត្តសកម្មភាពគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងជំរុញការចូលរួមសកម្មភាព យ៉ាងផុសផុលពីប្រជាពលរដ្ឋ ធ្វើការសំអាតតាមមូលដ្ឋាណតាមផ្លូវជាតិ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមូលដ្ឋានស្អាត ផ្លូវជាតិនិងផ្លូវនៅក្នុងខេត្តមានភាពស្អាត និងមានការអភិវឌ្ឍដោយចីរភាព។ កន្លងមករដ្ឋបាលខេត្តមួយចំនួនបានដាក់ចេញការចូលរួម ប្តេជ្ញាចិត្ត ងនុវត្តយុទ្ធនាការជាជំហានជំហានដែលធ្វើឱ្យបាននូវភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ធ្វើឱ្យមូលដ្ឋានស្អាត និងក្នុងសង្គមថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍លើកទឹកចិត្តនិងជំរុញកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដើម្បីធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បី «រៀបចំសម្អាតផ្ទះយើងឱ្យស្អាត» ត្រៀមចាំទទួល ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀត ៕