លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣មីនាថា លោកនៅតែមានទំនាក់ទំនងល្អជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានជួបប្រជុំកំពូលជាច្រើនក្នុងអំឡុងពេលអាណត្តិដំបូង ហើយបានហៅកូរ៉េខាងជើងម្ដងទៀតថាជា«មហាអំណាចនុយក្លេអ៊ែរ»។
នៅពេលសួរដោយអ្នកសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យប្រធានាធិបតីជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូដ (Mark Rutte) ថាតើលោកមានគម្រោងបង្កើតទំនាក់ទំនងឡើងវិញជាមួយលោក គីម ដែរឬទេ? លោក ត្រាំ ឆ្លើយថា៖«ខ្ញុំនឹង[..]ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោក គីម ជុងអ៊ុន ហើយយើងនឹងឃើញមានអ្វីកើតឡើង ប៉ុន្តែប្រាកដណាស់គាត់ គឺជាមហាអំណាចនុយក្លេអ៊ែរ»។ នេះជាលើកទី២ហើយ ដែលលោក ត្រាំ ហៅកូរ៉េខាងជើងពេញៗមាត់ថា ជាមហាអំណាចនុយក្លេអ៊ែរ ចាប់តាំងពីឡើងកាន់តំណែងសាជាថ្មី។ កាលពីថ្ងៃទី២០ ខែមករា នៅពេលដែលលោកស្បថចូលកាន់តំណែងអាណត្តិទីពីរ លោក ត្រាំ បាននិយាយថា កូរ៉េខាងជើង គឺជាមហាអំណាចនុយក្លេអ៊ែរ។ ការលើកឡើងបែបនេះ បង្កើតជាមន្ទិលថា តើបុរសសេដ្ឋកិច្ចរូបនេះ នឹងបន្តកិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងដែរឬទេ?
នៅពេលសួរថា តើការកត់សម្គាល់របស់លោក ត្រាំ តំណាងឱ្យការផ្លាស់ប្ដូរណាមួយនៅក្នុងគោលនយោបាយឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឬយ៉ាងណា? មន្ត្រីសេតវិមានឆ្លើយថា៖«លោកប្រធានាធិបតី ត្រាំ នឹងបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង ដូចដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូង»។ បន្ទាប់ពីនិយាយសំដៅទៅលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងចិន លោក ត្រាំ បានបរិយាយថា៖«វានឹងជាសមិទ្ធផលដ៏អស្ចារ្យមួយប្រសិនបើយើងអាចកាត់បន្ថយចំនួនអាវុធប្រល័យលោករបស់ប្រទេសទាំង២។ យើងមានអាវុធច្រើនណាស់ ហើយអំណាចក៏អស្ចារ្យណាស់»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងចេញពីដៃរបស់ប្រទេសកុម្មុយនីស្ដកូរ៉េខាងជើង ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កាលពីសប្តាហ៍មុន ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូជុង (Kim Yo Jong) បានរិះគន់រដ្ឋបាលលោក ត្រាំ ចំពោះការបង្កើនការបង្កហេតុ ហើយកូរ៉េខាងជើង នឹងបន្តផលិតអាវុធនុយក្លេអ៊ែរឥតទម្លាក់ដៃ។ នៅសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ជាលើកដំបូងចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង៕