សម្តេចធិបតី៖ ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជា បំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២៤ កន្លងទៅនេះ ជាឆ្នាំដែលកម្ពុជាបានបំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជន ដើរតួនាទីសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា រីឯរាជរដ្ឋាភិបាល គ្រាន់តែជាអ្នកបើកផ្លូវ ជាអ្នកសម្របសម្រួលប៉ុណ្ណោះ។
សម្តេចបវរធិបតី បានឱ្យដឹងថា ទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង រដ្ឋាភិបាល និងវិស័យឯកជន គឺបានដើរទៅមុខហើយ។ សម្ដេច ថា ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥នេះ CDC ក៏បានអនុម័តគម្រោងចំនួន ៤៤គម្រោង គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារផង៕