សម្ដេចបវរធិបតី គ្រោងនឹងដាក់ឲ្យមានធុរជន ក្នុងវិស័យឯកជនដែលមានបទពិសោធន៍ ដើម្បីធ្វើជាទីប្រឹក្សាផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា គ្រោងនឹងដាក់ឱ្យមានធុរជន ក្នុងវិស័យឯកជនដែលមានបទពិសោធន៍ ដើម្បីធ្វើជាទីប្រឹក្សាផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាលដោះស្រាយបញ្ហាឱ្យចំគោលដៅ និងការចង់បានរបស់ប្រជាពលរដ្ឋ ព្រមទាំងធុរជន។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគលើការផលិតផលិតផលនានាដែលជាធាតុបង្គុំផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងស្រុកជាជាងការនាំចូលពីក្រៅប្រទេស សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់វិស័យឯកជនជួយទាក់ទាញដៃគូឱ្យមកបណ្ដាក់ទុនវិនិយោគក្នុងផ្នែកផ្សេងៗ និងធាតុបង្គំគ្រប់ផ្នែកនៅកម្ពុជាសម្រាប់បំពេញខ្សែច្រវាក់ ផលិតកម្ម ដើម្បីកាត់បន្ថយការនាំចូលធាតុបង្គំទាំងនោះ ៕