សម្ដេចបវរធិបតី អំពាវនាវឲ្យពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេស ទុកចិត្តលើរាជរដ្ឋាភិបាលចំពោះការងារព្រំដែន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេសទាំងអស់ សូមទុកចិត្តលើរាជរដ្ឋាភិបាលចំពោះការងារព្រំដែន។
សម្ដេចធិបតី ក៏បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការទាំងអស់សូមរួមសាមគ្គីគ្នា ស្រលាញ់គ្នា និងកុំឈ្លោះជាមួយខ្មែរគ្នាឯង។
សម្ដេចធិបតីរម្លឹកបន្ថែមថា នៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញឱ្យឃើញថា ការបែកបាក់ផ្ទៃក្នុងនាំឱ្យបូរណភាពទឹកដីខ្មែរមួយចំនួនត្រូវបាត់បង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅអ្នកនៅក្រៅស្រុកមួយចំនួនតូច ដែលប្រកាសអួតខ្លួនថាជាអ្នកស្នេហាជាតិ ពិតប្រាកដនោះ សូមចូលមកស្រុកខ្មែរវិញ ដោយសម្តេចធានាថាគ្មានការចាប់ខ្លួននោះឡើយ ហើយថែមទាំងផ្តល់អាវុធឲ្យ និងក្របខណ្ឌកងទ័ព ដោយផ្តល់ឲ្យជាអនុកងសេនាតូច ដើម្បីទៅការពារព្រំដែន ៕