សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានបញ្ជាឲ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបងបញ្ជូនមកសួរនាំនៅភ្នំពេញ ដោយសារប្រៀបធៀបសម្ដេចតេជោទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ ទាំងដែលសម្ដេចប្រយុទ្ធនឹងខ្មែរក្រហមដើម្បីពលរដ្ឋកម្ពុជា។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានចំអកឱ្យជនមួយចំនួនតូចខ្លះដែលជាកូនចៅក្រុមទណ្ឌិត ក្បត់ជាតិ នៅកម្ពុជាសិក្សាក្រោមដំបូលសាលារៀនរបស់សម្តេចជាអ្នកកសាងសោះស្រាប់តែទៅដល់បារាំង មួយយប់ក្លាយជាបណ្ឌិតភ្លាម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា«សត្វ»៕