សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់វិស័យឯកជន ក៏ដូចជាសមាគមឧកញ៉ាកម្ពុជា រួមគ្នាពង្រីកការកៃឆ្នៃគ្រាប់ស្វាយចន្ទី ឱ្យបានកាន់តែច្រើន ដើម្បីធ្វើការនាំចេញ ខណៈពេលដែលកម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក។
ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិពភលោក ដែលពីមុន គឺប្រទេសកូដេវ័រ ក្នុងពេលដែលកម្ពុជា មានការកែឆ្នៃខ្លួនឯងបានតិចតួចក្នុងការនាំចេញ។
សម្តេចតេជោ បានបង្ហាញថា សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ គិតត្រឹមប្រទេសវៀតណាម កម្ពុជា នាំចេញប្រមាណជាង ៨០ម៉ឺនតោន។ ដោយឡែកវៀតណាមជាប្រទេសទី១ ដែលនាំគ្រាប់ស្វាយចន្ទីចែកចាយ ទៅកាន់ទីផ្សារពិភពលោក ជាមួយប្រទេសឥណ្ឌាជាប្រទេសទី២ ដែលចែកចាយ គ្រាប់ស្វាយចន្ទី ទៅទីផ្សារពិភពលោក។
សម្តេចតេជោ ប្រមុខរដ្ឋស្ដីទី បានលើកឡើងថា ក្រោយពីបានចូលរួមប្រជុំជាថ្នាក់ដឹកនាំនៃប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំវៀតណាម បានគាំទ្រ ឱ្យមានការវិនិយោគលើការកៃឆ្នៃ នៅកម្ពុជា ប្រសើរជាងការដឹកជញ្ជូន ទៅបប្រទេសវៀតណាម។
សម្តេចតេជោ បានមានប្រសាសន៍ថា បើយើងដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាព កសិកររបស់យើង យើងបង្កើតបាន គម្របព្រៃឈើកាន់តែធំ ដែលធានាឱ្យភាពបៃតង់ របស់កម្ពុជា ចំណុចនេះគួរត្រូវបានរួមគ្នា ឱ្យយើងក្លាយទៅជាកសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម នេះជាការប្រែក្លាយគោលដៅឈានទៅរកប្រទេសដែលមានការអភិវឌ្ឍទៅឆ្នាំ២០៥០ ប៉ុន្តែបើយើងមិនរុញបញ្ហានឹងទេគឺច្បាស់ណាស់ថា យើងជាប់នៅក្នុងអន្ទាក់ នៃប្រទេសដែលមានប្រាក់ចំណូលទាបហើយ។
សម្តេចតេជោ សង្ឃឹមថា ក្រុមហ៊ុនទាំងអស់នៅកម្ពុជា មិនថាតូច មិនថាធំ ដោយមិនចាំបាច់កែឆ្នៃក្នុងទ្រង់ទ្រាយធំពេកនោះទេ ត្រឹមតូចៗ និងមិនចាំបាច់ដាក់ទីតាំង ដែលនាំឱ្យធ្វើការដឹកជញ្ជូនវែងឆ្ងាយនោះដែរ ៕