លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ទាហានអ៊ុយក្រែន ដែលបច្ចុប្បន្នស្ថិតនៅក្នុងតំបន់ Kursk នឹងត្រូវបានធានាជីវិត ប្រសិនបើពួកគេចុះចាញ់។
លោកបានបញ្ជាក់ក្នុងអំឡុងកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ប្រសិនបើពួកគេដាក់អាវុធចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិត និងការព្យាបាលប្រកបដោយសេចក្តីថ្លៃថ្នូរ ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ និងច្បាប់របស់សហព័ន្ធរុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់លោក មានការពិភាក្សាល្អ និងប្រកបដោយផលិតភាព ជាមួយលោក ពូទីន កាលពីម្សិលមិញ ដោយបន្ថែមថា មានឱកាសល្អណាស់ដែលសង្រ្គាមបង្ហូរឈាមដ៏អាក្រក់ អាចឈានដល់ទីបញ្ចប់។
នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បានបន្តថា ទាហានអ៊ុយក្រែនរាប់ពាន់នាក់បច្ចុប្បន្នត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី ដោយបន្ថែមថាលោកបានជំរុញឱ្យលោក Putin សង្គ្រោះជីវិតរបស់ពួកគេ។
លោក Putin បានកត់សម្គាល់ថា ដើម្បីឱ្យការអំពាវនាវរបស់លោក Trump ត្រូវបានអនុវត្ត ថ្នាក់ដឹកនាំអ៊ុយក្រែនត្រូវតែបញ្ជាឱ្យទាហានរបស់ខ្លួនចុះចាញ់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រមុននេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបដិសេធរបាយការណ៍ដែលថា ទាហានអ៊ុយក្រែនត្រូវបានឡោមព័ទ្ធនៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី។
កងទ័ពអ៊ុយក្រែនបានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៊ីក្នុងខែសីហា ដោយដណ្តើមយកដីប្រហែល ១៣០០គីឡូម៉ែត្រការ៉េ។ នៅពេលដែលកងទ័ពរុស្ស៊ីបានបង្កើនការវាយលុករបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្ថានភាពសម្រាប់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។