អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការស្ថាបនា កែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ននៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យវឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។
បើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការជួសជុលកែលម្អសួនច្បារខាងលើនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងការយកចេញនូវដើមឈើមួយប្រភេទដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត និងដើរហាត់ប្រាណជាដើម។
គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះ សម្ភារៈដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អ, ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផលប្រមាណ ៨៥ភាគរយហើយ ៕