រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ កាលពីថ្ងៃសុក្រទី១៤មីនា បានប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រប្រមាណ៤០នាក់ទៅកាន់ប្រទេសចិនវិញ ខណៈរដ្ឋធានីវ៉ាស៊ីនតោន អះអាងថា ជនជាតិដើមភាគតិចអ៊ុយហ្គ័រទាំងនោះ នឹងប្រឈមការធ្វើទុក្ខបុកម្នេញ។
ការណ៍នេះ ទំនង ជា ចង់ បំបាក់ ស្មារតី ថៃ និង ប្រទេស ផ្សេង ទៀតដែលអនុវត្តការនិរទេស បែប នេះ ស្របពេលដែលរាជធានីបាងកកជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិរបស់រដ្ឋធានីវ៉ាស៊ីនតោន។ គេនៅចាំបានថា កាលពីចុងខែកុម្ភៈ ថៃបានសម្រេចនិរទេសជនជាតិដើមអ៊ុយហ្គ័រជាប់ឃុំអស់មួយទសវត្សរ៍នៅឯប្រទេសថៃ ទៅប្រទេសចិនវិញ បើទោះបីជាមានស៊ីរ៉ែនព្រមានពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសផ្សេងទៀតក៏ដោយ។
ជាមួយគ្នា អ្នកជំនាញសិទ្ធិមនុស្សនៅ UN បានបង្ហាញមនោសញ្ចេតនាថា ជនជាតិដើមអ៊ុយហ្គ័រទាំងនោះ ប្រឈមមុខនឹងការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញ និងគ្រោះថ្នាក់ផ្សេងៗ។ កន្លងទៅ កាណាដា និងសហរដ្ឋអាម៉េរិក បានស្នើឱ្យតាំងទីលំនៅថ្មីរបស់ជនជាតិដើមភាគតិចអ៊ុយហ្គ័រចំនួន៤៨នាក់ ប៉ុន្តែរាជធានីបាងកកខ្លាចមហាយក្សចិនខកចិត្ត។
ជុំវិញរឿងរ៉ាវនេះ លោក ម៉ាកូ រ៉ូប៊ីអូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«ខ្ញុំកំពុងអនុវត្តគោលនយោបាយនេះភ្លាមៗ ដោយចាត់វិធានការដើម្បីដាក់កម្រិតទិដ្ឋាការលើមន្ត្រីបច្ចុប្បន្ន និងអតីតមន្រ្តីរបស់រាជរដ្ឋាភិបាលថៃ ដែលទទួលខុសត្រូវ ឬពាក់ព័ន្ធក្នុងការបង្ខំឱ្យជនជាតិដើមអ៊ុយហ្គ័រ៤០នាក់និរទេសពីប្រទេសថៃ[ទៅចិនវិញ] កាលពីថ្ងៃទី២៧ ខែកុម្ភៈ»។
លើសពីនេះ លោក រ៉ូប៊ីអូ បានសង្កត់ធ្ងន់ថា៖«ដោយមើលឃើញពីអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាយូរយារណាស់មកហើយរបស់ចិន ដែលបានប្រព្រឹត្តប្រឆាំងនឹងជនជាតិដើមភាគតិចអ៊ុយហ្គ័រ យើងសូមអំពាវនាវដល់រដ្ឋាភិបាលជុំវិញពិភពលោក កុំឱ្យបញ្ជូនជនជាតិដើមអ៊ុយហ្គ័រ និងក្រុមជនជាតិភាគតិចផ្សេងទៀត ទៅប្រទេសចិនដោយបង្ខំ»។
យ៉ាងណា ថៃ នៅតែប្រកាន់ជំហរ ថា ខ្លួន បាន ប្រព្រឹត្ត ទៅ តាម ច្បាប់ និង កាតព្វកិច្ច សិទ្ធិមនុស្ស។ សូមជម្រាបថា យុទ្ធនាការសម្រាប់ក្រុមតស៊ូមតិជនជាតិដើមអ៊ុយហ្គ័រ មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានសរសើរទង្វើមនុស្សធម៌របស់លោក រ៉ូប៊ីអូ និងរដ្ឋបាល ត្រាំ។ គ្រប់គ្នាមិនសូវដឹងទេ..! លោក រ៉ូប៊ីអូ គឺជាអ្នកតស៊ូមតិយ៉ាងម៉ឺងម៉ាត់សម្រាប់ជនជាតិដើមអ៊ុយហ្គ័រ នៅពេលលោកធ្វើជាសមាជិកព្រឹទ្ធសភាអាម៉េរិក ដោយលោកបានដាក់គំនាបលើរដ្ឋធានីប៉េកាំង ជុំវិញអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួរបញ្ជាក់ថា កន្លងទៅរដ្ឋធានីវ៉ាស៊ីនតោន បានជៀសវាងការចាត់វិធានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំងនឹងប្រទេសថៃ ដោយសារមានការព្រួយបារម្ភអំពីភាពប្រេះឆានៃសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន៕