អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម សេង ឌីណា បានអំពាវនាវឲ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ បើពលរដ្ឋយល់ថា មានភាពមិនប្រក្រតី ចំពោះការដោះស្រាយរឿងក្តីរបស់ខ្លួន ជាជាងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្ដម សេង ឌីណា ថា ក្រសួងយុត្តិធម៌ បានដាក់ចេញយុទ្ធនាការចំនួន២ គឺការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ឯកឧត្ដមបានបន្តថា ការដាក់ពាក្យបណ្តឹងផ្លូវការ គឺប្រសើរជាងការបង្ហោះលើហ្វេសប៊ុក ព្រោះការប្តឹងនោះមានការចុះបញ្ជីលេខ ហើយម្ចាស់បណ្តឹងអាចតាមដានបណ្តឹងរបស់ខ្លួនបានជាមួយខាងលេខាធិការដ្ឋានបាន។ ជាមួយគ្នានេះ ការដាក់ពាក្យបណ្តឹងផ្លូវការ ម្ចាស់បណ្តឹង ក៏អាចទទួលបានមេធាវី ករណីគាត់ខ្វះខាត។
ឯកឧត្ដមបានបន្តថា មានការលើកទឹកចិត្តទាំងឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាំងក្រុមការងារ និងទាំងលោកផ្ទាល់ គឺតែងតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋ ប្រើប្រាស់នូវយន្តការផ្លូវការ ពីព្រោះក្រសួងយុត្តិធម៌បានមានការប្តេជ្ញាចិត្តប្រឈមនឹងបញ្ហា។ ឯកឧត្ដមបានថ្លែងថា ករណីមានបណ្តឹង ខាងលេខាធិការដ្ឋាន នឹងពិនិត្យឲ្យហ្មត់ចត់ ដើម្បីធ្វើឲ្យម្ចាស់រឿងក្តី ដែលអះអាងថា អយុត្តិធម៌ ទទួលបានយុត្តិធម៌៕