អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម សេង ឌីណា បានបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាលើកកម្ពស់ទំនុកចិត្តក្នុងការអនុវត្តច្បាប់របស់តុលាការ។
នៅក្នុងសន្និសីទសារព័ត៌មានប្រកាសលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្ដម សេង ឌីណា បានបញ្ជាក់ថា «ចំពោះការអនុវត្តវិធានការវិន័យតឹងរឹង ចំពោះចៅក្រម ព្រះរាជអាជ្ញា ក៏ដូចតួអង្គផ្សេងទៀត នៅក្នុងវិស័យយុត្តិធម៌ ក៏ដូចជាវិស័យយុត្តិធម៌ទាំងមូល ទាំងនៅតាមសាលាជម្រះក្តី អង្គការអយ្យការតាមសាលាជម្រះក្តី ក៏ដូចជា អង្គភាពផ្សេងទៀត នៅក្នុងវិស័យយុត្តិធម៌ទាំងអស់ គឺនៅតែបន្តយកចិត្តទុកដាក់អនុវត្តដោយម៉ឺងម៉ាត់ និងតឹងរ៉ឹង ហើយនៅក្នុងសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានលើកឡើងសារជាថ្មីទៀតដែរ កត់សម្គាល់អំពីការអនុវត្តដោយតឹងរ៉ឹង ទៅលើវិធានការវិន័យ»។
ឯកឧត្ដមបានបន្តថា «ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថា ការដាក់វិន័យគឺដោយក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុងសន្និបាត មានចៅក្រម ព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រម ចូលរួមដែរ គឺមានការប្តូរផ្តាច់ ថាមិនមែនអនុវត្តវិធានការតឹងរ៉ឹងហ្នឹង តែមួយម្តង ត្រូវឈប់ទេ តែការអនុវត្តបែបនេះ នៅតែបន្តជាប់ជាប្រចាំ ឆ្នាំ២០២៥ ២០២៦ ២០២៧ តទៅមុខរហូត»៕