ឧត្តមសេនីយ៍ឯក ឯក សំអូន៖ ទាហានត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម និងលុបបំបាត់គ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២៥ របស់កងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលតូចថ្មើរជើងលេខ៥២ ក្នុងដំណើរការកសាង និងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដោយទទួលបានស្នាដៃ និងសមិទ្ធផលជាច្រើន ក្នុងរយៈកាលកន្លងមក ទោះបីជាបណ្តាអង្គភាព ស្ថាប័ន បានជួបប្រទះនូវការលំបាក ខ្វះខាត និងបញ្ហាប្រឈមនានាជាច្រើនក្តី។
ឯកឧត្ដម មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់បន្តពង្រឹងវិន័យ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពង្រឹងការគោរពច្បាប់ បទបញ្ញតិរបស់រដ្ឋ និងមានវិធានការទប់ស្កាត់ លុបបំបាត់ភាពអសកម្ម លុបបំបាត់គ្រឿងញៀន កាត់បន្ថយគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបន្តបង្រាបបទល្មើសព្រៃឈើ និងបទល្មើសនេសាទ កងទ័ពត្រូវមានស្មារតី ឆន្ទៈ មនសិការ បម្រើជាតិមាតុភូមិ ហើយស្មោះត្រង់ឥតងាករេ ប្ដេជ្ញាការពារ សន្តិភាព ច្បាប់រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ ជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវចាញ់ឧបាយកល ឃោសនា អូសទាញ បោកបញ្ឆោត របស់ពួកអមិត្ត៕