ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា
ហ្សឺណែវ៖ បើតាមលោក ថូម៉ាស អាន់ឌ្រូស៍ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា ការកាត់បន្ថយជំនួយមនុស្សធម៌របស់បិតាប្រជាធិបតេយ្យអាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការកម្រើកឡើងវិញកាន់តែខ្លាំងនៃអំពើហិង្សា។
ជាក់ស្តែង លោក អាន់ឌ្រូស៍ បានអះអាងថា ការកាត់បន្ថយភ្លាមៗចំពោះកម្មវិធីស្បៀងអាហារ និងសុខភាពសម្រាប់ការគាំទ្រប្រជាជន បានធ្វើឱ្យស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងររួចទៅហើយ ខណៈការវាយប្រហារតាមអាកាស និងអំពើហិង្សាកាន់តែកើនឡើង។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ៖« ជុំវិញការ ដកជំនួយគាំទ្រ ភ្លាមៗ ដោយ រដ្ឋាភិបាល សហរដ្ឋ អាម៉េរិក កំពុង ជះ ឥទ្ធិពល យ៉ាង ធ្ងន់ធ្ងរ ដល់ ប្រជាជន មីយ៉ាន់ម៉ា»។
ក្រៅពីនេះ លោក អាន់ឌ្រូស៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា ការកាត់បន្ថយកម្មវិធីស្បៀងអាហារពិភពលោក អាចធ្វើឱ្យស្ថានភាពនៅមីយ៉ាន់ម៉ាបច្ចុប្បន្នកាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈគ្រោះទុរភិក្សនឹងកើតមាននៅក្នុងរដ្ឋរ៉ាឃីនភាគខាងលិចនៃប្រទេស ដែលរុំព័ទ្ធដោយវិបត្តិផ្ទៃក្នុង។
ក្នុងនាមជាអ្នកគិតគូរអំពីសិទ្ធិមនុស្ស លោក អាន់ឌ្រូស៍ បានពន្យល់ថា ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានបាត់បង់លទ្ធភាពទទួលបានការថែទាំសុខភាពផងដែរ ដោយអ្នកជំងឺអេដស៍មួយចំនួនមិនទទួលបានថ្នាំបង្ការក្នុងរយៈពេលប្រាំពីរសប្តាហ៍ចុងក្រោយនេះ ដោយសារតែមូលនិធិសុខភាពរបស់សហរដ្ឋអាម៉េរិកភាគច្រើនត្រូវបានកាត់ផ្តាច់។
អ្នកជំនាញការសិទ្ធិមនុស្សរបស់អង្គការសហរប្រជាជាតិប្រចាំមីយ៉ាន់ម៉ារូបនេះ បានអះអាងថា៖«នេះគឺជាគ្រោះមហន្តរាយដែលកំពុងលាតត្រដាង យ៉ាងឃោរឃៅ»។ ជាចុងក្រោយ លោកបានព្រមានថា លក្ខខណ្ឌអស្ថិរភាពទាំងនេះនឹងបង្ខំមនុស្សឱ្យធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្ស ហើយរំហូរនៃជនភៀសខ្លួននឹងកើនឡើងកាន់តែខ្លាំង៕