នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល
វ៉ាស៊ីនតោន៖ ការិយាល័យនាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បានជូនដំណឹងដល់បុគ្គលិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា គំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាលរបស់ពួកគេ។
ការិយាល័យបានផ្ញើអ៊ីមែលទៅកាន់បុគ្គលិកខ្លួនថា៖“ដើម្បីជួយរក្សាប្រព័ន្ធព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យមានសុវត្ថិភាព ការចូលទៅកាន់ AI DeepSeek ដែលមានមូលដ្ឋាននៅចិនថ្មី ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាលទាំងអស់។ សូមកុំទាញយក ឬចូលប្រើកម្មវិធី ឬគេហទំព័រណាមួយដែលទាក់ទងនឹង DeepSeek”។ គំរូ AI ដែលមានតម្លៃទាបរបស់ DeepSeek បានជំរុញឱ្យមានភាពច្របូកច្របល់ដ៏ធំនៅក្នុងទីផ្សារភាគហ៊ុនសកលនៅក្នុងខែមករា ខណៈអ្នកវិនិយោគព្រួយបារម្ភអំពីការគំរាមកំហែងដល់ការនាំមុខរបស់សហរដ្ឋអាម៉េរិកនៅក្នុងបច្ចេកវិទ្យា AI។
មន្ត្រីអាម៉េរិក និងសមាជិកសភាបានសម្ដែងការព្រួយបារម្ភអំពីការគំរាមកំហែងរបស់ DeepSeek ចំពោះឯកជនភាពទិន្នន័យ និងព័ត៌មានរសើបរបស់រដ្ឋាភិបាល។ សមាជិកសភា លោកចូហ្ស៍ ហ្កតធើម៉ើ (Josh Gottheimer) និងដារីន ឡាហ៊ូដ (Darin LaHood) សមាជិកនៃគណៈកម្មាធិការជ្រើសរើសអចិន្ត្រៃយ៍ House on Intelligence ក្នុងខែកុម្ភៈ បានណែនាំច្បាប់ដើម្បីហាមឃាត់ DeepSeek លើឧបករណ៍រដ្ឋាភិបាល។ កាលពីដើមខែនេះ ពួកគេបានផ្ញើលិខិតទៅកាន់អភិបាលសហរដ្ឋអាម៉េរិក ដោយជំរុញឱ្យពួកគេហាមឃាត់កម្មវិធី AI របស់ចិនលើឧបករណ៍ដែលចេញដោយរដ្ឋាភិបាល។
សមាជិកសភាបានសរសេរនៅក្នុងលិខិតមួយកាលពីថ្ងៃទី៣ ខែមីនាថា៖ «ដោយប្រើ DeepSeek អ្នកប្រើប្រាស់កំពុងចែករំលែកព័ត៌មានរសើប និងមានកម្មសិទ្ធិដោយមិនដឹងខ្លួនជាមួយគណបក្សកុម្មុយនីស្ដចិន ដូចជាកិច្ចសន្យា ឯកសារ និងកំណត់ត្រាហិរញ្ញវត្ថុ។ ទិន្នន័យនេះ គឺជាទ្រព្យសម្បត្តិដ៏ធំសម្បើមសម្រាប់ក្សកុម្មុយនីស្ដចិន»។ រដ្ឋជាច្រើនបានហាមឃាត់គំរូពីឧបករណ៍របស់រដ្ឋាភិបាល រួមទាំងរដ្ឋ Virginia រដ្ឋតិចសាស់ និងញូវយ៉ក ហើយសម្ព័ន្ធនៃអគ្គមេធាវីរដ្ឋចំនួន២១ បានជំរុញឱ្យសភាអនុម័តច្បាប់នេះ។