ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ ក្រសួងមុខងារសាធារណៈ នឹងរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃពុធ ទី១៩ ដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅ ដីព្រៃមៀ សេនធ័រ សែនសុខ។
សន្និបាតនេះរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុង ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ សំដៅរួមចំណែកដល់ ការអនុវត្តវិធានការគន្លឹះ និងការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។
នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារ សាធារណៈ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ ក្រោយពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតនឹងបានស្តាប់ បទបង្ហាញរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញស្តីពីវឌ្ឍនភាពការងារបច្ចេកទេសនានា រួមទាំងការអនុវត្តវិធានការគន្លឹះក្នុង ការកែទម្រង់រដ្ឋបាលសាធារណៈ អមដោយកិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យអង្គសន្និបាតទទួលបានព័ត៌មានបន្ថែម និង ជាឱកាសក្នុងការផ្លាស់ប្តូរមតិយោបល់ជូនគ្នាទៅវិញទៅមក។
នាថ្ងៃបន្ទាប់ ពោលគឺពេលព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ក្រសួងមុខងាសារធារណៈ មានកិត្តិយសដ៏វិសេសវិសាល ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ»។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕