សម្តេចធិបតី៖ ការកសាងមូលធនសង្គម គឺដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការកសាងមូលធនសង្គម គឺដើម្បីកសាង ទំនាក់ទំនងល្អ រវាងប្រជាជន និង ប្រជាជន ដោយ គ្មានការរើសអើង មិនប្រកាន់និន្នាការនយោបាយ និងក្រុមសហគមន៍ផ្សេងៗគ្នានៅក្នុងសង្គម។
សម្តេចធិបតីបន្តថា ការកសាងមូលធននយោបាយ គឺការកសាងជំនឿទុកចិត្ត និងការប្រាស្រ័យទាក់ទងល្អ រវាងប្រជាជន និង ស្ថាប័នសាធារណៈដែលជាតំណាងឱ្យផលប្រយោជន៍ប្រជាជន ប្រកបដោយ គណនេយ្យភាព តម្លាភាព បរិយាបន្ន និង សមធម៌។
សម្តេចធិបតី បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព ការឯកភាពជាតិ និងការឯកភាពទឹកដី ពេញលេញតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ផ្តួចផ្តើម និងដឹកនាំអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលបានចាប់ផ្តើម កែទម្រង់លើគ្រប់វិស័យ ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព, សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ៕