លោក Xi Jinping ៖ ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីមុខមាត់ថ្មីរបស់ខេត្ត Guizhou
ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Guizhou កាលពីពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា ខេត្ត Guizhou ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំចាត់ចែងជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការមជ្ឈិមបក្សអំពីការអភិវឌ្ឍតំបន់ភាគខាងលិច និងការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ ប្រកាន់ខ្ជាប់នូវការផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីមុខមាត់ថ្មីរបស់ខេត្ត Guizhou ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន ក្រោមការជំរុញពីកំណែទម្រង់និងការបើកទូលាយឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
នាព្រឹកថ្ងៃទី ១៨ ខែមីនា លោក Xi Jinping បានស្តាប់របាយការណ៍ការងាររបស់គណៈកម្មការបក្ស និងរដ្ឋបាលខេត្ត Guizhou និងបានកោតសរសើរពីសមិទ្ធផលរបស់ខេត្ត Guizhou ក្នុងគ្រប់វិស័យ ព្រមទាំងបានលើកសំណូមពរអំពីការងារជំហានក្រោយ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺជាការទាមទារដ៏ចាំបាច់ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។ ខេត្ត Guizhou ត្រូវមានការតាំងចិត្ត និងមានភាពក្លាហានក្នុងការរុករក ប្រកាន់ខ្ជាប់នូវការចាត់ទុកសេដ្ឋកិច្ចពិតជាមូលដ្ឋានគ្រឹះ ពង្រឹងការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិត គ្រោងផែនការស្តីពីការផ្លស់ប្តូររូបមន្តកំណើនប្រពៃណីទៅរូបមន្តកំណើនថ្មី ពន្លឿនការធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី អភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីប្រកដោយលក្ខណៈយុទ្ធសាស្ត្រ ពង្រឹងនិងកែលម្អសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មថាមពលថ្មីជាដើម ធ្វើការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ និងអនុវត្តគោលនយោបាយដោយចំគោលដៅ ដើម្បីសម្រេចបាននូវការលើកកម្ពស់គុណភាពប្រកបដោយប្រសិទ្ធភាព និងកំណើនសមរម្យនៃបរិមាណផលិតកម្ម។ ត្រូវការពារបរិស្ថានអេកូឡូស៊ី និងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យឧត្តមភាពផ្នែកអេកូឡូស៊ីក្លាយជាឧត្តមភាពខាងការអភិវឌ្ឍ៕