ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គលេខាធិការដ្ឋានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី បរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ផ.យ.អ-ក.ស.ប.) ២០២៤-២០២៨ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រោម អធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមធ្វេីបទបង្ហាញពន្យល់ណែនាំដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជូនដល់លោក លោកស្រី ជាជនបង្គោលចំនួនជាង១០០នាក់ មកពីអគ្គនាយកដ្ឋាន/អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋាន/អង្គភាពប្រតិបត្តិ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) តាមថ្នាលបច្ចេកវិទ្យាឌីជីថល ដែលជាការឈានមួយជំហានទៅមុខបន្ថែមទៀតក្នុងការងារត្រួតពិនិត្យ និងវាយតម្លៃ (M&E) និង
ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការដ្ឋានបរិវត្តកម្មឌីជីថល។
ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ ក៏បានផ្តល់ឱកាសដល់អ្នកចូលរួមដែលជាជនបង្គោលពីអង្គភាពពាក់ព័ន្ធ ស្វែងយល់ និងអនុវត្តការងារ លើប្រធានបទចំនួន៤ រួមមាន៖ (១) ការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព, (២) របៀបបំពេញទម្រង់គំរូតារាងផែនការសកម្មភាព៥ឆ្នាំ, (៣) របៀបបំពេញទម្រង់គំរូផែនការសកម្មភាពប្រចាំឆ្នាំ, និង(៤) របៀបបំពេញទម្រង់គំរូរបាយការណ៍វឌ្ឍនភាពនៃការតាមដានការអនុវត្តសកម្មភាពការងារ តាមថ្នាលបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តសមិទ្ធកម្ម និងឈានទៅអនុវត្តគណនេយ្យភាពសមិទ្ធកម្ម ស្របតាមគោលបំណងនៃគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញឱ្យអនុវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ៕