ឯកឧត្តម សួស ប្រាថ្នា រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច ចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកណ្ដាល។
ក្នុងកិច្ចប្រជុំចុះសិក្សា និងវាយតម្លៃនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នាយករងរដ្ឋបាល នាយិកាទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការផែនការ និងវិនិយោគ រជ្ជទេយ្យករចំណូល ប្រធានរតនាគារ ប្រធានសាខាពន្ធដារ ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ អង្គភាពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាខេត្តកណ្ដាលជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សានិងវាយតម្លៃអំពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល ព្រមទាំងប្រមូលធាតុចូលសម្រាប់ការកែសម្រួលអត្រាប្រាក់រង្វាន់របស់រដ្ឋបាលរាជធានី ខេត្ត និងអត្រាប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ពីចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត។
សូមជម្រាបជូនដែរថា ក្រុមការងារអន្តរក្រសួងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឹត្រឹមពេលនេះ បានធ្វើការចុះសិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយចំនួន ០៤រាជធានី ខេត្ត (រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តកណ្ដាល) ក្នុងចំណោមរាជធានី ខេត្តគោលដៅចំនួន៥ ៕