ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស
ហ្សាការតា៖ នៅថ្ងៃពុធទី១៩ ខែមីនានេះ ក្រុមសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌូណេស៊ី បានជំរុញឱ្យសភាបញ្ឈប់វិសោធកម្មច្បាប់យោធាដ៏ចម្រូងចម្រាស ខណៈពួកគេអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត នោះនឹងនាំយកប្រទេសប្រជុំកោះមួយនេះត្រលប់ទៅសម័យកាល នៃការត្រួតត្រាដោយរបបយោធា និងបង្កើតភាពមិនច្បាស់លាស់ផ្នែកច្បាប់ជាក់ជាមិនខាន។
សភាឥណ្ឌូណេស៊ីគ្រោងនឹងអនុម័តច្បាប់យោធា នៅថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា នៅក្នុងក្រុមប្រឹក្សាពេញអង្គមួយ បន្ទាប់ពីគណៈកម្មាធិការសភាត្រួតពិនិត្យផ្នែកយោធាបានអនុម័តលើការផ្លាស់ប្ដូរ ដោយអនុញ្ញាតឱ្យបុគ្គលិកកងកម្លាំងប្រដាប់អាវុធកាន់តំណែងស៊ីវិលបន្ថែមទៀត។
ក្រុមសិទ្ធិមនុស្ស និងអង្គការនិស្សិត បានអំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅសភានៅថ្ងៃព្រហស្បតិ៍នេះ។ ទន្ទឹមនឹងវិទ្យាស្ថានជំនួយផ្នែកច្បាប់បានអះអាងថា វិសោធនកម្មច្បាប់នេះ នឹងទាញដៃឥណ្ឌូណេស៊ីថយក្រោយ រយៈពេល ៣០ឆ្នាំ ទៅរកយុគសម័យមួយដែលបុរសខ្លាំងស៊ូហាតូ (Suharto) ប្រើអំណាចយោធា ដើម្បីគ្រប់គ្រងកិច្ចការស៊ីវិល និងបង្កភាពចលាចលក្នុងប្រទេសដែលមានប្រជាជនម៉ូស្លីមភាគច្រើនបំផុតនៅលើពិភពលោកមួយនេះ។
យ៉ាងណា វិសោធនកម្មច្បាប់យោធានេះ គឺជាឧក្រិដ្ឋកម្មនីតិប្បញ្ញត្តិ ដែលគំរាមកំហែងដល់ប្រជាជនឥណ្ឌូណេស៊ី និងអនាគតនៃលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នា អង្គការលើកលែងទោសអន្តរជាតិឥណ្ឌូណេស៊ីអះអាងថា ការអនុញ្ញាតឱ្យយោធាចូលរួមកាន់តែច្រើននៅក្នុងកិច្ចការស៊ីវិល ក៏អាចនាំឱ្យមានការរំលោភបំពានអំណាច ការរំលោភសិទ្ធិមនុស្ស និងនិទ្ទណ្ឌភាពផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាប់បូវ៉ូ ស៊ូបៀនតូ ជាអតីតមេបញ្ជាការកងកម្លាំងពិសេស និងជាអតីតកូនប្រសាររបស់បុរសខ្លាំង ស៊ូហាតូ បានពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ចាប់តាំងពីចូលកាន់តំណែងកាលខែតុលា៕