នាយឧត្តមសេនីយ៍ ស ថេត ណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ ក្នុងដំណើរចុះសួរសុខទុក្ខកម្លាំងនគរបាលតាមបណ្ដោយព្រំដែននៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្រ្តីមានស្នាដៃ ចំពោះមន្រ្តីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាម មធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះហើយត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។ ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបើកទ្វារ ២៤ម៉ោងលើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។
អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់រាល់នូវភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា ជនមានពិការភាព បន្ថែមលើការងារជំនាញដែលកំពុងបំពេញការងារប្រចាំថ្ងៃ៕