តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនក្នុងករណីប្រទេសចិនធ្វើសមយុទ្ធជាញឹកញាប់នៅជុំវិញកោះ
តៃប៉ិ៖ លោក វែលលីងតុន កូ រដ្ឋមន្ត្រីការពារជាតិបាននិយាយថា តៃវ៉ាន់កំពុងពង្រឹងសមត្ថភាពខ្លួន ក្នុងការផ្លាស់ទីកងទ័ពយ៉ាងឆាប់រហ័ស ក្នុងករណីប្រទេសចិនស្រាប់តែបង្វែរសមយុទ្ធជាញឹកញាប់របស់ខ្លួននៅជុំវិញកោះនេះ ទៅជាការវាយប្រហារមួយ ចំពេលមានការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីរដ្ឋធានីប៉េកាំង។
សមយុទ្ធឆ្លើយតបរហ័សរយៈពេល៥ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃចន្ទដើម្បីបណ្តុះបណ្តាលកងកម្លាំងរបស់តៃវ៉ាន់ ក្នុងការប្រមូលផ្តុំយ៉ាងឆាប់រហ័សប្រឆាំងនឹងការវាយប្រហារណាមួយដោយប្រទេសចិន ឬការយាយីតំបន់ពណ៌ប្រផេះ ដែលត្រូវបានរចនាឡើងដើម្បីសាកល្បងកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់។
សមយុទ្ធនេះចាប់ផ្តើមឡើងស្របពេលប្រទេសចិនបញ្ជូនយន្តហោះយោធាចំនួន៥៩គ្រឿង និងនាវាចម្បាំងផ្សេងទៀតទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ ក្រោមហេតុផលថា វាជាការដាក់ទណ្ឌកម្មចំពោះការបន្តជំរុញ ឆន្ទៈបំបែកខ្លួនរបស់ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ជីងតេ។ លោក កូ ប្រាប់សភាថា៖«សម្រាប់កងទ័ពរំដោះប្រជាជន ការផ្លាស់ប្ដូរសមយុទ្ធទៅជាការវាយប្រហារប្រដាប់អាវុធ មិនចំណាយពេលច្រើនដូចដែលយើងគិតនោះទេ។ យើងត្រូវតែអាចប្រមូលសញ្ញាសំខាន់ៗ និងរៀបចំសម្រាប់ឆ្លើតតបនឹងសត្រូវ»។
លោក កូ បន្ថែមថា សមយុទ្ធឆ្លើយតបរហ័សរបស់ក្រសួង នឹងផ្អែកលើការវាយតម្លៃស៊ើបការណ៍សម្ងាត់ និងការគំរាមកំហែង។ លោកមានប្រសាសន៍ថា៖«បើ គ្មាន ការ ប្រុង ប្រយ័ត្ន បែប នេះ ទេ ប្រសិន បើ មាន អ្វី កើត ឡើង ពិត ប្រាកដ យើងនឹង មិន អាចត្រៀម ខ្លួន សម្រាប់ ការ ប្រយុទ្ធ ឡើយ»។
វីដេអូពីក្រសួងការពារជាតិកោះតៃវ៉ាន់បង្ហាញថា នៅក្នុងសមយុទ្ធនេះ កងទ័ពបានដំឡើងរបាំងប្រឆាំងការចុះចតនៅជិតកំពង់ផែសំខាន់មួយ នៅខាងក្រៅទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់ ហើយបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅទីតាំងយុទ្ធសាស្ត្រ។ មន្ត្រីសន្តិសុខរបស់តៃវ៉ាន់លើកឡើងថា ប្រទេសចិនកំពុងព្យាយាមធ្វើសមយុទ្ធជាធម្មតានៅជិតកោះតៃវ៉ាន់ ដោយអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នាដោយប្រើយន្តហោះចម្បាំង និងនាវាកងទ័ពជើងទឹករៀងរាល់៧ទៅ១០ថ្ងៃជាមធ្យម។
ប្រទេសចិនដែលទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន មិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធាដើម្បីនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ និងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តៃវ៉ាន់ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ដោយអះអាងថា មានតែប្រជាជនរបស់ខ្លួនប៉ុណ្ណោះអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន៕