ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការគណបក្សខេត្តហ៊ឺណាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Liu Ning លេខាបក្សខេត្ត ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមលេខាបក្សបានថ្លែងនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ខេត្តហឺណាននាឱកាសនេះ។
ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូឱ្យបានជ្រាបអំពីវឌ្ឍនភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃខេត្តហ៊ឺណាន ដែលជាមជ្ឈមណ្ឌលនយោបាយ, សេដ្ឋកិច្ច, និងវប្បធម៌រយៈពេលជាង២សហស្សវតរ៍ មកហើយ។
បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញនូវការកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន, ពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថាដំណើរបេសកកម្មនាពេលនេះនឹងអាចទាក់ទាញបាននូវគម្រោងវិនិយោគិនជាច្រើនពីខេត្តហ៊ឺណាន ពិនិត្យលទ្ធភាពនិងឱកាស ទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា សំដៅចូលរួមចំណែកលើកកម្ពស់វិបុលភាពសហគមន៍វាសនារួមកម្ពុជា-ចិន។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូកម្ពុជានាឱកាសដំណើរបេសកកម្មជំរុញ និងទាក់ទាញវិនិយោគមកកាន់ខេត្តហឺណាន ដែលជាបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្រៅប្រទេសដំបូងគេបង្អស់ប្រចាំឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខេត្តហ៊ឺណាន ដែលជាខេត្តដ៏រស់រវើកមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញគណៈប្រតិភូរដ្ឋបាលខេត្តហ៊ឺណាន និងតំណាងសហគ្រាសប្រចាំខេត្ត មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ជាពិសេសពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសលើអនុវិស័យយានយន្ត និងអេឡិចត្រូនិកដើម្បីផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ផងដែរ៕