ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ យោងអនុក្រឹត្យលេខ៣១៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
ក្រសួងមុខងារសាធារណៈមានសូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ចំនួន ៥០ ០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើក ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំ បើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹង នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕