ឯកឧត្តម នួន ផារ័ត្ន៖ នៅពេលខាងមុខនេះខេត្តកំពង់ធំ នឹងរៀបចំសង្ក្រានកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញប្រគល់ប័ណ្ណសរសើរ ដល់ ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា សមិទ្ធផលដែលទទួលបាននេះ ជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ ឱ្យមានប្រសិទ្ធភាព ជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗ ក្មេងទំនើង គ្រឿងញៀន។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ និងកងកម្លាំងជំនាញមានសមត្ថកិច្ច ដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំ អនុវត្តការងារជាបន្ត ទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេលខាងមុខនេះខេត្តកំពង់ធំ នឹងរៀបចំសង្ក្រានកំពង់ធំ ឱ្យធំជាងឆ្នាំមុន ដែលមានកន្លែងស្អាតៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលលេងសង្ក្រានកំពង់ធំ ដែលតម្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ អនុវត្តការងារភូមិឃុំសង្កាត់មានសុវត្តិភាព ឱ្យមានសុវត្ថិភាព។
សូមបញ្ជាក់ថា ភូមិ ឃុំ សង្កាត់ ដែលទទួលបានជ័យលាភី ក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ចំណាក់ថ្នាក់លេខ១ មានចំនួន ៧៦ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន ៥ឃុំសង្កាត់៕