សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យបញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព និង ការអភិវឌ្ឍ គឺជាមរតកដ៏ថ្លៃថ្លារបស់បុព្វការី ហើយបានផ្តល់ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរបន្តនៃការកសាងសង្គមជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងឳកាសសម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលក្រសួងមុខងារសាធារណៈសម្រេចបានរយៈពេល១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ, ជាពិសេសការជំរុញអនុវត្ត វិធានការគន្លឹះទាំង ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕