សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព ធ្វើឱ្យអាណាព្យាបាលបេក្ខជនប្រឡងពេញចិត្ត ជាពិសេសបេក្ខជនជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត។
ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ ឱ្យការប្រឡងរើសទាហាន នគរបាល ត្រូវធ្វើឡើងដោយតម្លាភាព យុត្តិធម៌ ដើម្បីបេក្ខជនជាប់ដោយមោទន ធ្លាក់ដោយអស់ចិត្ត ដូចការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ ជាមួយក្រសួង ស្ថាប័ន និងជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
សម្ដេចធិបតីបន្ថែមថា ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលនៅក្នុងនោះ មុំ៣ ក្នុងចំណោមមុំទាំង៥ ដែលក្រសួងមុខងារសាធារណៈត្រូវ ផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តដោយផ្ទាល់ គឺ (១) ការពង្រឹង និងការ កែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ៕