សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ និង ការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបឱ្យបាន ទាន់ពេលទៅនឹងសេចក្តីត្រូវការជាក់ស្ដែង របស់ប្រជាជននិងសង្គមជាតិ។
សម្ដេចបានថ្លែងបែបនេះ ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ទៅតាម វិស័យអាទិភាព និងបានបង្កើតនូវយន្តការស្ថាប័ន ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញ ការអនុវត្តវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាព ឱ្យឆ្លើយតប ទាន់ពេលទៅនឹងគោលដៅអាទិភាព រួមមាន៖ ១) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ, ២) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ ដើម្បីលើក កម្ពស់គុណភាពអប់រំ, តាមរយៈ ការពង្រឹងគុណភាពសាលារៀន ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា សម្រាប់ផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង, ជំនាញ, សីលធម៌, ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្ដែងរបស់សង្គម-សេដ្ឋកិច្ច និងទីផ្សារការងារ និង៣) គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បី លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈ ការពង្រឹងសមត្ថភាព ផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន៕