សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង ហើយក៏បានជះឥទ្ធិពលដល់អ្នកផ្សេងផងដែរ។
ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតបានរំលឹកពីការសំណេះសំណាលជាមួយយុវជនមួយរូប ដែលបានប្រឡងជាប់នាយទាហាន នាអំឡុងពេលដែលសម្តេចកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
បើតាមសម្តេចយុវជនរូបនោះ បានទៅប្រឡងទាំងគ្មានសង្ឃឹម ខណៈអ្នកអង្គុយជិតខ្លួនរៀបរាប់ពីការចំណាយ និងមានឪពុកជាឧត្តមសេនីយ៍ ដែលអាចធានាថាជាប់។
សម្ដេចធិបតីបន្ថែមថា ទីបំផុតយុវជនដែលគ្មានខ្សែរូបនោះ បានប្រឡងជាប់ ខណៈយុវជនដែលអាចខ្សែប្រឡងធ្លាក់ ហេតុនេះហើយការប្រឡងបានផ្តល់ក្តីសង្ឃឹម សម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង ហើយក៏បានជះឥទ្ធិពលដល់អ្នកផ្សេងផងដែរ៕