សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវដោយផ្ទាល់។
ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលនៅក្នុងនោះ មុំ៣ ក្នុងចំណោមមុំទាំង៥ ដែលក្រសួងមុខងារសាធារណៈត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តដោយផ្ទាល់ គឺ (១) ការពង្រឹង និងការ កែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។
សម្ដេចធិបតី បន្ថែមថា ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែ ទម្រង់រដ្ឋបាលសាធារណៈគឺ (១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕