សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅនេះដែលបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តដល់ស្ថាប័នផ្សេងទៀត ដូចជាការប្រឡងជ្រើសរើសកងទ័ពជាដើម បន្តអនុវត្តនូវវិធានការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ដល់ឪពុកម្ដាយ អ្នកអាណាព្យាបាល ដែលបាន ជឿជាក់មកលើរាជរដ្ឋាភិបាល ជាពិសេសជឿជាក់មកលើការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ៕