ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពពិធីដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤ ដែលជាជំនួយរបស់អង្គការការីតាសស្វីស ដល់សាលាគោលដៅថ្មី ចំនួន២០ សាលា និងជំនួយខ្នាតតូច របស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយចំនួន៤០សាលា នៅសាលាបឋមសិក្សាទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានរៀបចំឡើងដោយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការការីតាស ដោយមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក រ៉ាម៉េស បូហារ៉ា ទីប្រឹក្សាសម្ព័ន្ធទឹកស្អាតស្វីស ប្រចាំតំបន់អាស៊ី លោក ខាំ ស៊ីនួន នាយករងការិយាល័យប្រចាំប្រទេសកម្ពុជា របស់អង្គការការីកាតាស ស្វីស គណៈអភិបាល ក្រុង ស្រុក អង្គការដៃគូ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុសិស្ស នឹងប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តបានចូលរួម។
ក្នុងឱកាសនោះ លោក ឈូប៊ុនរឿង បានមានប្រសាសន៍ថា ក្រោយអនុវត្តគម្រោងកម្ពុជាឆ្ពោះទៅសាលាបៃតងក្នុងដំណាក់កាលទី៣ បានបញ្ចប់ដោយជោគជ័យក្នុង ខែមករា ឆ្នាំ២០២១ដល់ខែ មិថុនា ឆ្នាំ២០២៣ ដំណាក់កាលទី៤ ក៏បានបន្តដោយមានសាលាគោលដៅសរុប ៧៣ សាលា ក្នុង នោះសាលាគោលដៅថ្មីមានចំនួន ២០ សាលាក្នុងខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអនាម័យក្នុងសាលាគោលដៅទាំង២០ថ្មីដែលក្នុងនោះបង្គន់អនាម័យ សាងសង់ថ្មីចំនួន ១៤ និងកែលម្អចំនួន៦ ដែលមានបន្ទប់ សរុប ស្មើនឹង ៦៣បន្ទប់ ក្នុងនោះសិស្សប្រុសចំនួន២១បន្ទប់ បន្ទប់សិស្សស្រី/ជនពិការ និងបន្ទប់សម្រាប់ការគ្រប់គ្រងការមករដូវរបស់ ក្មេងស្រីចំនួន៤២ ដោយភ្ជាប់ជាមួយនូវបង្គន់នោមសម្រាប់សិស្សប្រុសចំនួន២១ កន្លែងលាងដៃជាប់បង្គន់ចំនួន ៦ក្បាលរ៉ូប៊ីណេ ស្ទើរនឹង១១៣ ក្បាលរ៉ូប៊ីណេ និងកន្លែងលាងដៃជាក្រុមមួយកន្លែងដែលមាន១៨ ក្បាលរ៉ូប៊ីណេ សរុប ៣៤២ ក្បាលរ៉ូប៊ីណេ គ្រប់ទីតាំងបង្គន់អនាម័យ គម្រោងក៏បានផ្តល់ធុងចម្រះទឹកចំនួន១៥៦ទៅដល់សាលាគោលដៅចនួន១៥គោលដៅផងដែរ។
លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា គម្រោងសាលាបៃតងដំណាក់កាលទី៤ បានបញ្ចូលនូវសកម្មភាពបន្ថែមស្ដីអំពីការសិក្សាកម្មវិធីសាលាបៃតងតាមប្រព័ន្ធសិក្សាពីចម្ងាយដែលជាឱកាសឲ្យសាលាក្រៅគោលដៅអាចសិក្សាពីគោលគំនិតរបស់គម្រោងសាលាបៃងតងនិងយកទៅអនុវត្តក្នុងសាលារបស់ខ្លួនក្រោមការឧបត្ថម្ភកញ្ចប់ថវិការ១.៥០០ដុល្លា ក្នុងមួយសាលា ក្រោយពីបានបញ្ចប់ការសិក្សាតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ និងបំពេញគ្រប់លក្ខខណ្ឌ។
ជាមួយគ្នានោះ លោកស្រី រស់ សុផានី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការការីតាស ស្វីស ដែលជាដៃគូមិនអាចខ្វះបាន របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រ គម្រោង កម្ពុជាឆ្ពោះទៅសាលាបៃតង ដែលសមាសភាគរបស់គម្រោងមានផ្នែក ទឹកស្អាត និងអនាម័យ ដែរពិសេសជាងនេះគឺបានផ្តួចផ្តើមគំនិត ពិធីដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយរបស់គម្រោងសាលាបៃតង ដំណាក់កាលទី៤ នាពេលនេះ។
ទន្ទឹមនឹងនេះលោកស្រី រស់ សុផានីបានជួយជំរុញបន្ថែមទៀតសម្រាប់ការចូលរួមរបស់ដៃគូរអភិវឌ្ឍន៍វិស័យអប់រំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ ឡដុតសម្រាម ធុងចម្លោះទឹកស្អាត និង ការញែកសម្រាមក្នុងការរួមចំណែកកាត់បន្ថយការចោលសម្រាមពាស់វាលពាស់កាលផងដែរ៕