ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព
ភ្នំពេញ៖ រដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ”នៅវិមានរដ្ឋសភានាថ្ងៃទី២០ខែមីនា ក្រោមអធិ បតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធ សភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ (KHQR) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ «សិក្ខាសាលាមានគោលបំណងលើក កម្ព ស់ ការយល់ដឹង និងការចូលរួមរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការគាំទ្រប្រាក់រៀល ក៏ដូចជាការអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ឆ្នាំ១៩៨០ – ២០ មីនា ឆ្នាំ២០២៥)»។
ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅអបអរសាទរខួបលើកទី៤៥ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពអភិវឌ្ឍន៍ខ្លាំង និងធន់បន្ថែមទៀត។ ជាពិសេសសូមកោតសរសើរដល់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន រួមទាំងវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចឃ្យូអរ KHQR ក្នុងរយៈកាលកន្លងមក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា៖ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមគាំទ្រទាំ ងស្រុងដល់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោ បាយរូបិយវត្ថុដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ជាពិសេសក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិប តេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងនិងពង្រឹងនូវអត្តសញ្ញាណ ជាតិ និងភាពធន់។
«ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។ នេះជាការគូសបញ្ជាក់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានរំលេចអំពីប្រវត្តិនៃការកកើតប្រាក់រៀល ការចាប់បដិសន្ធិធនាគារជាតិកម្ពុជា និងបានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ ក្រោយពីប្រទេសជាតិទើបរំដោះពីរបបខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩ដែលបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់ និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះទៅលើភាពចាំបាច់នូវការមានរូបិយវត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីបាតដៃទទេ។
ឯកឧត្តមបានថ្លែងថា៖ «ការរៀបចំទិវាប្រាក់រៀលរួមគ្នារវាងធនាគារជាតិនៃកម្ពុជា ជាមួយរដ្ឋសភានិងព្រឹទ្ធសភា ពិតជាកំពុងបង្ហាញយ៉ាងច្បាស់ពី ស្មារតីរួមគ្នាក្នុងការលើកកម្ពស់រូបិយវត្ថុជាតិរបស់យើង។ យើងទាំងអស់គ្នាត្រូវចូលរួមជាចាំបាច់ក្នុងការលើកស្ទួយលុយជាតិរបស់យើង»។
ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេលកន្លងមក ស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តប្រាក់រៀល។ រដ្ឋសភា ព្រឹទ្ធសភា និងធនាគារជាតិនៃកម្ពុជាធ្លាប់បានរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងការប្រើប្រាស់ប្រាក់រៀល ហើយសង្ឃឹមថា ការរៀបចំទិវាប្រាក់រៀលរួមគ្នានាថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយឡើងថែមទៀត។
ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា «ទិវាប្រាក់រៀល នឹងបន្តជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀល និងមានការចូលរួមយ៉ាងផុលផុសពីគ្រប់ស្ថាប័ន ក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម។ រដ្ឋសភាត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល»។
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កាលពី៤៥ឆ្នាំមុន ប្រាក់រៀលបានត្រូវដាក់ចេញឱ្យចរាចរឡើងវិញដើម្បីរួមចំណែកពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិនិង គាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិចេញពីបាតដៃទទេក្រោយរបបប៉ុលពតដែលបានបំផ្លាញរាល់ខឿនសេដ្ឋកិច្ច និងសង្គមជាតិ។ ដោយសារការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់រៀលមិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំង ស្រុង ហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ។
លោកជំទាវទេសាភិបាល បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ នារយៈពេល២ទស្សវត្សរ៍ចុងក្រោយ ក្រោមដំបូលសុខសន្តិភាពដែលទទួលបានពីនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា។
លោកជំទាវបានលើកឡើងថា ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទស វត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។
នៅក្នុងអង្គសិក្ខាសាលានេះ មានកិច្ចពិភាក្សាតុមូលស្តីពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចនិងសង្គមនិងបទបង្ហាញស្តីពីតួនាទីភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ដោយឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការងរដ្ឋសភា លោក ឃូ វុឍ្ឍី អគ្គនាយកគោល នយោបាយនិងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិកម្ពុជា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងវាគ្មិន ឯកឧត្តមបណ្ឌិត ហួត ពុំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៥)និងដើម្បីរំលេចពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គមនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។
តាមរយៈបទអន្តរាគមន៍និងកិច្ចពិភាក្សា អង្គសិក្ខាសាលាបានបង្ហាញពីតួនាទីនៃរូបិយវត្ថុជាតិ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដោយសារការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ និងពង្រឹងអធិបតេយ្យជាតិ និងប្រសិទ្ធភាពនៃនយោបាយម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ជាពិសេសក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជាផ្នែកភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។ អង្គសិក្ខាសាលាបានទទួលស្គាល់ពីវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀល និងបានពិភាក្សាពីវិធានការដែលត្រូវអនុវត្តបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលនៅតាមវិស័យនានា ដោយក្នុងនោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។
ក្នុងន័យនេះអង្គសិក្ខាសាលាបានយល់ឃើញថា ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ លើកកម្ពស់ប្រាក់រៀល និងការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងក្នុងការតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនៃគោលនយោបាយលើកកម្ពស់ប្រាក់រៀល គឺជាការងារអាទិភាពមួយ ដើម្បីធានាថាការលើកកម្ពស់ប្រាក់រៀលនឹងប្រព្រឹត្តទៅប្រកបដោយសង្គតិភាពនិងបន្តមានកំណើនប្រកបដោយនិរន្តរភាព ៕