ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ
បាងកក៖ កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) ចូលរួមជាមួយប្រទេសថៃ និងសហរដ្ឋអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពប្រតិបត្តិការ។
RSAF បានឱ្យដឹងថា យន្តហោះ២៦គ្រឿង ប្រព័ន្ធការពារដែនអាកាស១០គ្រឿង និងបុគ្គលិកជាង៧០០នាក់ពីទ័ពអាកាសសិង្ហបុរី បានចូលរួមក្នុងសមយុទ្ធ Cope Tiger លើកទី៣១។ ដំណាក់កាលទីមួយនៃសមយុទ្ធត្រីភាគីនេះ ត្រូវបានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលប្រតិបត្តិការ និងសមយុទ្ធពហុជាតិ នៅមូលដ្ឋានទ័ពជើងទឹកឆាងជី Changi។ ដំណាក់កាលទីពីរ ជាការហ្វឹកហ្វឺនហោះហើរនៅមូលដ្ឋានទ័ពអាកាសនគរាជ (Korat) ក្នុងប្រទេសថៃ បានចាប់ផ្តើមតាំងពីថ្ងៃទី១៧មីនា ហើយនឹងបញ្ចប់នៅថ្ងៃទី២៨មីនាខាងមុខ។
អ្នកចូលរួមសមយុទ្ធនេះ កំពុងចូលរួមក្នុងកម្មវិធីសង្គមស៊ីវិលរយៈពេលពីរថ្ងៃផងដែរ ដើម្បីចូលរួមជាមួយសហគមន៍មូលដ្ឋាន និងសាលារៀនជុំវិញមូលដ្ឋានអាកាស។ វរសេនីយ៍ឯក បេនចាមីន លីអ៊ីវជើន Benjamin Lee Yew Chern នាយក RSAF បានលើកឡើងថា៖ «សមយុទ្ធ Cope Tiger អនុញ្ញាតឱ្យយើងអនុវត្តប្រតិបត្តិការការពារដែនអាកាស ការវាយប្រហារ និងយន្តហោះគ្មានមនុស្សបើក ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងសមត្ថភាពប្រតិបត្តិការរបស់យើង»។
លោកបានបន្ថែមថា៖ «សមយុទ្ធនេះក៏ជាសក្ខីភាពមួយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំ ក្នុងចំណោមប្រទេសដែលចូលរួមទាំងបី»។ ពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា។
វានឹងត្រូវបានសហការដោយមេទ័ពអាកាសសិង្ហបុរី ឧត្តមសេនីយ៍ឯក ខេលវីន ហ្វាន Kelvin Fan អគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃ នាយទាហានជើងអាកាសលោក ផាន់ផ័កឌី ផាន់នុគុល (พันธ์ภักดี พัฒนกุล) និងមេបញ្ជាការទ័ពអាកាសទី៥នៃកងទ័ពអាកាសប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ឯក ស្ទេហ្វិន អេហ្វ.ចូស្ស Stephen F. Jost។ ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៤ មក សមយុទ្ធ Cope Tiger បាននិងកំពុងបង្កើនជំនាញវិជ្ជាជីវៈ និងទំនាក់ទំនងការពារជាតិរវាងសិង្ហបុរី ថៃ និងសហរដ្ឋអាម៉េរិក ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមបុគ្គលិករបស់ពួកគេ។