រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ មន្ដ្រី បុគ្គលិក ដែលកំពុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមនោរម្យ ស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្ដក្រចេះ ដោយមិនបានជូនដំណឹងជាមុន។
ក្នុងពេលចុះសួរសុខទុក្ខ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យតាមផ្នែកនីមួយៗ ដែលកំពុងបម្រើសេវា រួមមានបន្ទប់ពីគ្រោះជំងឺ បន្ទប់ពិនិត្យផ្ទៃពោះ និងពន្យាកំណើត បន្ទប់សម្រាលកូន និងថែទាំក្រោយសម្រាល ឃ្លាំងឱសថ និងសម្ភារៈបរិក្ខារពេទ្យ រួមទាំងបរិស្ថានជុំវិញមណ្ឌលសុខភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមគ្រូពេទ្យ បន្ដខិតខំបំពេញការងារឱ្យកាន់តែល្អ និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខភាពជូនប្រជាជននៅក្នុងភូមិឃុំរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋពីចម្ងាយផងដែរ។ លើសពីនោះ ក៏ត្រូវបន្ដអភិវឌ្ឍជំនាញរបស់ខ្លួន ឥរិយាបទវិជ្ជមាន ប្រកបដោយភាពបុរេសកម្ម សំដៅប្រសិទ្ធភាព សុវត្ថិភាពគ្រប់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាជន ជាពិសេសប្រជាពលរដ្ឋប្រើប្រាស់មូលនិធិសមធម៌ និងជនអនាថា។
ជាមួយគ្នានោះឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះដល់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព ជាពិសេសលើកទឹកចិត្ដដល់មន្ដ្រីទាំងអស់ បន្ដសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ដើម្បីសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កសិទ្ធភាព សមធម៌ និងភាពកក់ក្ដៅ។
ជាការឆ្លើយតប ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព បានសម្ដែងការសប្បាយរីករាយជាខ្លាំង ដែលឃើញវត្ដមាន និងបានជួបប្រាស្រ័យផ្ទាល់ជាមួយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ដ្រី ដែលលោកមិនត្រឹមតែចែករំលែកចំណេះដឹង បទពិសោធន៍ដឹកនាំជារៀងរាល់សប្ដាហ៍តាមប្រព័ន្ធ Zoom ប៉ុណ្ណោះទេ គឺនៅថ្ងៃនេះ លោកបានចុះមកពិនិត្យការខុសត្រូវដោយផ្ទាល់ ដោយភ្ជាប់ជាមួយ ការលើកទឹកចិត្ដ ភាពកក់ក្តៅ ក្ដីស្រឡាញ់ ដើម្បីជំរុញឱ្យមន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាព កាន់តែមានការប្ដេជ្ញាខ្ពស់ក្នុងការបំពេញភារកិច្ច ជួយលើកកម្ពស់សុខភាពជូនប្រជាជន។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មចំនួន ២ថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យបង្អែកខេត្ដចំនួន២ គឺ៖ មន្ទីរពេទ្យបង្អែកបាធាយ ខេត្ដកំពង់ចាម និងមន្ទីរពេទ្យបង្អែកឆ្លូង ខេត្ដក្រចេះ ពិសេសក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលចំណាយថវិកាសាងសង់ជិត ១លានដុល្លារ និងចុះមកពិនិត្យមណ្ឌលសុខភាពមនោរម្យ ៕