អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចម៉ូតូ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សុណាង វិដា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិស្រះជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ នៅចំណុចបន្ទប់ជួលខាងលេី។ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅចំណុច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សរុបចំនួន០៦នាក់ ១.ឈ្មោះ អេង ម៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ, ២.ឈ្មោះ អេង ប៉ានី (ផានី) ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ ឈួត ម៉ាឈិត ភេទប្រុសអាយុ១៩ឆ្នាំ, ៤.ឈ្មោះ ដេត ផែនដឹន (ដឹន) ភេទប្រុស អាយុ២០ឆ្នាំ, ៥.ឈ្មោះ មឹក វិទូ(ទូ) ភេទ អាយុ៣១ឆ្នាំ, ៦.ឈ្មោះ ស្រស់ សំរេច (រ៉ាច់) ភេទប្រុស អាយុ២៣ឆ្នាំ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាវេវ ពណ៌ខៀវលាយពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង, ២.កាំបិតកែច្នៃប្រវែង ៦៧សង់ទីម៉ែត្រ ចំនួន០១ដើម, ៣. ទូរសព្ទ៤គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1D-1262 (ប្រគល់ជូនជនរងគ្រោះវិញ) រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ទាំង៦នាក់។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្មាក់ ស៊ីថា ភេទប្រុស អាយុ២៥ឆ្នាំ បានគេចខ្លួន។
លោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមពួកខ្លួនពិតបានលួចម៉ូតូ និងរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕