ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌាចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនមកពីឥណ្ឌា ចំនួន៣ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនពហុវិស័យ ចំនួន១២ក្រុមហ៊ុន រួមមានសភាពាណិជ្ជកម្មឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។
ប្រតិភូបានលើកឡើងពីចំណាប់អាម្មរណ៍ជារួមអំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពដ៏ល្អដែលកម្ពុជាមាន ព្រមទាំងសក្តានុពលវិនិយោគ និងទេសចរណ៍ ជាកត្តាសំខាន់ដែលជំរុញឱ្យសមាជិកសមាជិកាប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការបោះទុនវិនិយោគតាមវិស័យរបស់ខ្លួនម្នាក់ៗ។
លើសពីនេះទៀត ប្រតិភូក៏បានកោតសរសើរអំពីសក្តានុពលដ៏សំបូរបែបនៃទេសចរណ៍កម្ពុជា ពិសេសគឺប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀតនៅក្នុងខេត្តសៀមរាប ដោយបានបេ្តជ្ញាពាំនាំនូវភាពអច្ឆរិយៈនៃបេតិកភណ្ឌទាំងអស់នេះដល់ក្រុមគ្រួសារ សហការី និងប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ឱ្យអញ្ជើញមកទស្សនាកម្ពុជាឱ្យបានមួយដងក្នុងមួយជីវិត ៕