សម្ដេចធិបតី៖ ការពង្រាយគ្រូដល់តំបន់ជនបទ គឺសំខាន់ណាស់ មានគ្រូអាចបង្រៀនបានគ្រប់ទីកន្លែង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការពង្រាយគ្រូដល់តំបន់ជនបទ គឺសំខាន់ណាស់ មានគ្រូ អាចបង្រៀនបានគ្រប់ទីកន្លែង តែអត់គ្រូទោះមានអគារសិក្សាល្អៗយ៉ាងណាក៏ដោយ គឺការរៀនសូត្រមិនអាចដំណើរការទៅបានឡើយ។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ខិតខំពង្រឹងគុណវុឌ្ឍិរបស់លោកគ្រូ អ្នកគ្រូ ខណៈដែលលោកគ្រូ អ្នកគ្រូ ត្រូវខិតខំសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីគុណភាពនៃការបង្រៀន។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តតាមគោលនយោបាយការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសាលារៀន ពង្រាយសាលាឱ្យបានច្រើនដល់មូលដ្ឋានគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីបង្កការងាយស្រួលដល់កូនចៅប្រជាពលរដ្ឋបានចូលរៀនសូត្រគ្រប់ៗគ្នា៕