សម្ដេចធិបតី កោតសរសើរដល់សមត្ថកិច្ចដែលបានខិតខំដោះស្រាយបញ្ហាសន្តិសុខ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរសមត្ថកិច្ចដែលបានខំដោះស្រាយបញ្ហាសន្តិសុខ ពិសេសការឃាត់ខ្លួនចោរឆក់ការបូបអ្នកផលិតមាតិកាលើបណ្ដាញសង្គមបរទេសម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បានឆាប់រហ័ស។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្តថា សន្តិសុខសុវត្ថិភាពគឺជាកត្តាសំខាន់សម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍទូទាំងប្រទេស។
ជាមួយគ្នានេះសម្ដេចធិបតី ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពនៃការអប់រំសិក្សា ទាំងនេះក៏ដោយសារមានសុខសន្តិភាព៕