សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តពង្រឹងគុណភាពអប់រំចាប់ពីថ្នាក់ទី១ ដល់ទី១២
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះនឹងបន្តពង្រឹងគុណភាពអប់រំចាប់ពីថ្នាក់ទី១ ដល់ទី១២ ដោយត្រូវពង្រឹងទាំងចំណេះដឹងឱ្យបានច្បាស់លាស់ និងពង្រឹងលើឥរិយាបថសម្រាប់រស់នៅក្នុងសង្គម។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្តថា ចំពោះការពង្រឹងឥរិយាបថ គឺត្រូវពង្រឹងបែបបទសុជីវធម៌ សីលធម៌ឱ្យបានល្អ ដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការពង្រឹងចំណេះដឹង និងឥរិយាបថនេះបច្ចុប្បន្នរាជរដ្ឋាភិបាលផ្ដោតលើបឋមសិក្សាជាមុន។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការអប់រំសិក្សា ១-អភិបាលកិច្ច, ២-ឥរិយាបថ, ៣-ការយកចិត្តទុកដាក់លើសុខភាពសិស្ស និង៤- ការចូលរួមរបស់អាណាព្យាបាល និងសហគមន៍៕