សម្ដេចធិបតី៖ កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន៣ សំខាន់ៗ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កត្តាដែលជះឥទ្ធិពលដល់មនុស្សមាន៣ គឺក្នុងសាលា, នៅផ្ទះ និងបរិស្ថានសង្គម។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្តថា បើកត្តាទាំង៣នេះផ្ដល់ភាពវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវល្អ។ បើកត្តាទាំង៣ នេះផ្ដល់ភាពអវិជ្ជមាន នាំឱ្យមនុស្សទទួលបានផលអវិជ្ជមាន និងធ្វើឱ្យសង្គមទាំងមូលស្ថិតក្នុងគន្លងផ្លូវមិនល្អ។
ជាមួយគ្នានេះសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានណែនាំសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន នាំខូចអនាគតខ្លួន ជាពិសេសឪពុកម្ដាយខូចចិត្ត ដែលបានខិតខំលះបង់គ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សាកូន ចង់ឃើញ កូនបានល្អ តែមិនបានដូចបំណងប្រាថ្នា៕