សម្ដេចតេជោ៖ ការផ្តល់ឋានន្តរស័ក្តជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការផ្តល់ឋានន្តរស័ក្តជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាពេលនេះ ជាការឆ្លើយតបចំពោះគុណបំណាច់ ដែលបានធ្វើកិច្ចការងារបម្រើជាតិ ហើយសម្តេចទាំងពីរក៏ជាអ្នកចូលរួមបង្កើតរបបរាជានិយមផងដែរ។
ក្នុងឱអញ្ជើញបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រះរាជក្រឹត្យរបស់សម្តេចឪ ដែលផ្តល់ឋានន្តរស័ក្តថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្តេច, សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេលនោះ គឺចេញជាភាសាបារាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ផ្កាយមាស៥ ដល់សម្តេចទាំង៣ គឺជាព្រះរាជទាន មិនមែនជាការស្នើសុំទេ គឺនៅឆ្នាំ២០០៧ ដែលត្រូវបានប្រទានជាថ្មីម្តងទៀត ហើយផ្កាយមាសនេះ មិនបានផ្តល់ជូនសម្តេចក្រុមព្រះទេ ដោយសារបានបញ្ចុះស័ក្តិម្តងហើយ នៅត្រឹមតែផ្កាយ៤ប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេច ម៉ែន សំអន ដែលចូលរួមជាមួយសម្តេច ក្នុងកិច្ចការងារជាច្រើនកន្លងមក ៕