ឧត្តមសេនីយ៍ទោ ខូវ លី ណែនាំដល់ការិយាល័យជំនាញ ត្រូវពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ស្កាត់ បទល្មេីសផ្សេងៗ ក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយផែន លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារសេនាធិការ ព្រហ្មទណ្ឌ ចរាចណ៍ អត្តសញ្ញាណប័ណ្ណ ក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤។
ជាកិច្ចចាប់ផ្តេីមលោកនាយការិយាល័យសរុបផែនការ (ស្ដីទី) បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមីនា ជូនអង្គប្រជុំ។
ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង។
បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចាំបាច់ទូទៅបានយ៉ាងល្អ ជាពិសេសផែនការងារអត្តសញ្ញាណកម្ម និងលោកអធិការក្រុង-ស្រុក ដែលបានរៀបចំធ្វេីជាតារាងផែនការ ម៉ោងវេលា ទីកន្លែង យកចិត្តទុកដាក់ក្នុងចុះយុទ្ធនាការធ្វេីអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង/ស្រុក ប៉ុស្តិ៍ ពង្រឹងបន្ថែមលេីការល្បាត ដេីម្បីបង្ការទប់ស្កាត់ បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានទូទាំងខេត្ត ៕