អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ
ឡុងដ៍៖ អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស បានប្រកាសបិទទាំងស្រុងនៅថ្ងៃសុក្រទី២១ ខែមីនានេះ បន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ ធ្វើឱ្យដាច់ចរន្តអគ្គិសនី និងរំខានដល់កាលវិភាគហោះហើរជុំវិញពិភពលោក។
ក្រុមអ្នកពន្លត់អគ្គិភ័យរាជធានីឡុងដ៍អះអាងថា អ្នកពន្លត់អគ្គិភ័យប្រហែល៧០នាក់កំពុងព្យាយាមពន្លត់ភ្លើងនៅភាគខាងលិចនៃរាជធានីឡុងដ៍ បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋាន Heathrow ដ៏មមាញឹកបំផុតរបស់អឺរ៉ុប និងជាអាកាសយានដ្ឋានមមាញឹកបំផុតទី៥របស់ពិភពលោក។
អណ្តាតភ្លើងពណ៌ទឹកក្រូចដ៏ធំសម្បើមបានឆាបឆេះយ៉ាងសន្ធោសសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់អណ្តែតពេញមេឃ។ មនុស្សប្រហែល១៥០នាក់ត្រូវបានជម្លៀសចេញពីអគារនៅក្បែរនោះ ហើយទីតាំងសំខាន់ៗជាច្រើនកន្លែងគ្មានថាមពលប្រើប្រាស់។ យ៉ាងណា មន្ត្រី ពន្លត់ អគ្គិភ័យ បាន បញ្ជាក់ ថា មូលហេតុ នៃ ការ ឆាបឆេះ នេះ មិន ទាន់ ដឹង នៅឡើយ ទេ។
អាកាសយានដ្ឋាន Heathrow បានលើកឡើងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា៖«រក្សាសុវត្ថិភាពអ្នកដំណើរ និងសហការីរបស់យើង អាកាសយានដ្ឋាននឹងត្រូវបិទ»។
យោងតាមគេហទំព័រតាមដានជើងហោះហើរ Flight Radar24 យ៉ាងហោចណាស់ជើងហោះហើរចំនួន១២០ជើងទៅកាន់ទីក្រុង Heathrow ត្រូវបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត ខណៈជើងហោះហើរចំនួន១៣៥១ជើង ត្រូវបានចុះចតបង្ខំឱ្យចុះចតតភ្លាមៗនៅថ្ងៃសុក្រនេះ។
អ្នកជំនាញផ្នែកឧស្សាហកម្មបង្ហាញថា ទេសចរណ៍ ការធ្វើដំណើរ និងពាណិជ្ជកម្មនៅជុំវិញពិភពលោកត្រូវបានរំខានដោយសារបញ្ហានេះ។
ក្រុមហ៊ុន British Airways អះអាងថា ខ្លួននឹងមានជើងហោះហើរចំនួន៣៤១ជើងគ្រោងនឹងចុះចតនៅអាកាសថានដ្ឋាន Heathrow នៅថ្ងៃសុក្រនេះ ប៉ុន្តែគ្រប់យ៉ាងបានក្លាយជាអាសាបង់។
British Airways លើកឡើងចាង៖«វានឹងជះឥទ្ធិពលយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់យើង និងអតិថិជនរបស់យើង ហើយយើងកំពុងធ្វើការឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើបច្ចុប្បន្នភាពនៃការធ្វើដំណើររបស់ពួកគេសម្រាប់រយៈពេល២៤ម៉ោងបន្ទាប់ ក្រោយហេតុការណ៍កើតឡើង»។
ជាក់ស្តែង ជើងហោះហើរមួយចំនួនពីសហរដ្ឋអាម៉េរិក បានហោះក្រវែលវិលជុំវិញកណ្តាលលម្ហអាកាសា ហើយត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមរបស់ពួកគេវិញ ខណៈប្រតិបត្តិការនេះ រំខាន ដល់ ប្រតិបត្តិការ របស់ ក្រុមហ៊ុន អាកាសចរណ៍នៅ ជុំវិញ ពិភពលោក។
គួរបញ្ជាក់ថា អាកាសយានដ្ឋាន Heathrow និងអាកាសយានដ្ឋានសំខាន់ៗផ្សេងទៀតរបស់រាជធានីឡុងដ៍ ត្រូវបានរងគ្រោះដោយការដាច់ភ្លើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈបច្ចុប្បន្នប្រទេសជាច្រើនបានបរាជ័យនៃប្រព័ន្ធចរាចរណ៍ផ្លូវអាកាស៕